តុលាការ​សម្រេច​ដោះ​លែង​លោក​ វន់ ពៅ ​និង​បាតុករ​ ២៣​ នាក់​ផ្សេង​ទៀត

ចៅ​ក្រម​​តុលាការ​​រាជ​ធានី​​ភ្នំពេញ ​បាន​សម្រេច​​ដោះ​លែង ​លោក​ វន់​ ពៅ ​និង​​បាតុករ​​សរុប​ ២៤​ នាក់​​ផ្សេង​ទៀត ​ក្នុង​​រឿង​​បង្ក្រាប​​បាតុកម្ម ​៣ ​ករណី​​ផ្សេង​គ្នា ​នៅ​​រោង​ចក្រ​​យ៉ាក់​​ជី​ង​ ផ្លូវ​វេ​ង​​ស្រេង ​និង​​រោង​ចក្រ​​កាត់​ដេរ ​អេស អិ​​ល​។ ​ក្នុង​​សេចក្តី​សម្រេច​​នៅ​​ព្រឹក​​នេះ ​ចៅក្រម​ បាន​សម្រេច​​ផ្តន្ទា​ទោស ​ដាក់​ពន្ធនាគារ​​លើ​​លោក​ ​វន់​ ​ពៅ ​និង​​បាតុករ ​២៤ ​នាក់​ ពី ​៦ ​ខែ ​រហូត​ដល់ ​​៤​ ឆ្នាំ​កន្លះ ​ប៉ុន្តែ​​ទោស​​ទាំង​នោះ ​ត្រូវ​​ព្យួរ​គិត​​ចាប់​​ពី​ថ្ងៃ​​ចាប់​ខ្លួន​កាល​ពី​​ខែ​វិច្ឆិកា​ និង​​ខែ​មករា​ រហូត​ដល់​​ថ្ងៃ​ទី​៣០​ឧសភា​​នេះ​។

សាច់​ញាតិអ្នក​ជាប់ឃុំ​ទាំង ២៥ នាក់ បាន​សម្តែង​ក្តីសប្បាយ​រីករាយ រហូតដល់​យំ អោប​ជនជាប់ចោទ ដែល​ដើរ​ចេញពី​បន្ទប់​សវនាការ។ នោះ​គឺ​ចៅក្រម បានសម្រេច​កាត់​តម្រឹម​ទោស ពោលគឺ​ជនជាប់ចោទ​ទាំង ២៥ នាក់ ក្នុងករណី​បង្ក្រាប​បាតុកម្ម ៣ ករណី​ផ្សេងគ្នា គឺ​នៅ​រោងចក្រ​យ៉ាក់​ជី​ង ១០ នាក់ ផ្លូវ​វេ​ង​ស្រេង ១៣ នាក់ និង​រោងចក្រ​កាត់ដេរ អេស អិ​ល ២ នាក់ ត្រូវបាន​ចៅក្រម ដោះលែង​ឲ្យ​មាន​សេរីភាព​ឡើងវិញ នៅ​ព្រឹក​ថ្ងៃទី៣០ឧសភា​នេះ។

ជាមួយនឹង​ការសម្រេច​កាត់​តម្រឹម​ទោស​ដូច្នេះ គឺ​ចៅក្រម​ក៏បាន​សម្រេច​ផ្តន្ទាទោស ដាក់ពន្ធនាគារ​លើ​ជនជាប់ចោទ ទាំង ២៥ នាក់ ចន្លោះ​ចាប់ពី ៦ ខែ រហូតដល់ ៤ឆ្នាំកន្លះ។ ពោលគឺ​ករណី​រោងចក្រ SL ដែលមាន​ជនជាប់ចោទ​ជា​យុវជន ២ នាក់ វ​ណ្ណី វណ្ណ​ណន ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ ៣ ឆ្នាំ និង​យុវជន​ម្នាក់ទៀត មាស ទន់ ផ្តន្ទាទោស​ដាក់ពន្ធនាគា​រ ៦ ខែ  តែ​អនុវត្ត​ទោស​ត្រឹម​រយៈពេល​ឃុំខ្លួន​បណ្តោះអាសន្ន រីឯ​ទោស​នៅសល់ត្រូវ​ព្យួរ។

ចំណែក​ករណី​រោងចក្រ​យ៉ាក់​ជី​ង ចៅក្រម​បានសម្រេច​ផ្តន្ទាទោស​បាតុករ ៣ នាក់ រួមទាំង​លោក វន់​ពៅ ដាក់ពន្ធនាគារ ៤ ឆ្នាំ ៦ខែ។ បាតុករ​ម្នាក់ ៤ ឆ្នាំ។ ៣ នាក់ ៣ឆ្នាំ និង៣នាក់​ទៀត ២ឆ្នាំ ៦ខែ។ រីឯ​ករណី​ផ្លូវ​វេ​ង​ស្រេង ដែលមាន​ជនជាប់ចោទ ១៣ នាក់ ត្រូវបាន​ចៅក្រម សម្រេច​ផ្តន្ទាទោស ចន្លោះ​ពី ១ ឆ្នាំ ទៅ ៤ ឆ្នាំ។

សរុបទៅ ជនជាប់ចោទ​ទាំង ២៥ នាក់ ត្រូវបាន​ចៅក្រម​សម្រេចដោះលែង​នៅ​ថ្ងៃទី៣០ឧសភា​នេះ រីឯ​ទោស​នៅសល់ ត្រូវ​ព្យួរ។ ជន​ទាំង ២៥ នាក់ ជាប់ចោទ​ពីបទ​ផ្តួចផ្តើម​គំនិត​ឲ្យ​មាន​អំពើហិង្សា បង្ក​អំពើហិង្សា បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​រោងចក្រ​កាត់ដេរ និង​ជេរប្រមាថ ប្រឆាំង​មន្ត្រីរាជការ។

ប៉ុន្តែ​ទាំង​ជនជាប់ចោទ ទាំង​មេធាវី និង​ទាំង​សកម្មជន​សិទ្ធិមនុស្ស ទោះបីជា​រីករាយ និង​ស្វាគមន៍ នឹង​ការ​កាត់​តម្រឹម ដែល​ចៅក្រម​សម្រេច​ដោះលែង​ជនជាប់ចោទ​ពី​ពន្ធនាគារ។ តែ​លោក អំ សំអាត អ្នកឃ្លាំមើល​សិទ្ធិមនុស្ស លីកាដូ បានបង្ហាញ​ការសោកស្តាយ ចំពោះ​ការផ្តន្ទាទោស ខណៈដែល​ជន​ទាំងនោះ មិនបាន​ប្រព្រឹត្ត​កំហុស។ ដូច្នេះ​មេធាវី និង​សា​ម៉ី​ខ្លួន នឹង​ប្តឹង​ឧទ្ធរណ៍ ដើម្បី​រក​ភាពយុត្តិធម៌ បើទោះបីជា​ពួកគេ​បាន​រួចខ្លួន​ក៏ដោយ។

ជាការ​កត់សម្គាល់ ក្នុងករណី​បង្ក្រាប​បាតុកម្ម​រោងចក្រ​កាត់ដេរ SL នៅមុខ​វត្ត​ស្ទឹងមានជ័យ រោងចក្រ យ៉ាក់​ជី​ង និង​រោងចក្រ​នៅ​ផ្លូវ​វេ​ង​ស្រេង គឺ​ទាហាន ប៉េអឹម និង​ប៉ូលិស សុទ្ធតែ​បាន​បាញ់ និង​វាយ​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​យ៉ាងហោចណាស់ ៥ នាក់ និង​របួស​រាប់សិប​នាក់​ផ្សេងទៀត។ ប៉ុន្តែ​ទាហាន ប៉េអឹម និង​ប៉ូលិស មិន​ត្រូវបាន​តុលាការ ចាប់​យកមក​កាត់ទោស​នោះទេ៕