
អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ផ្នែកសិទ្ធិមនុស្ស លោក សុរិយា ស៊ូប៊ែឌី (Surya P. Subedi) នឹងមកកម្ពុជា រយៈពេល ១០ថ្ងៃ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២៥ ខែមិថុនា ក្នុងបេសកកម្មស្វែងរកការពិត។ នេះជាបេសកកម្មលើកទី១១ របស់ លោក សុរិយា ស៊ូប៊ែឌី នៅកម្ពុជា។
លោក សុរិយា ស៊ូប៊ែឌី បញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ការិយាល័យទទួលបន្ទុកផ្នែក សិទ្ធិមនុស្សអង្គការសហប្រជាជាតិ ប្រចាំនៅកម្ពុជា ផ្សាយនៅថ្ងៃពុធ ទី១១ ខែមិថុនា នេះថា បេសកកម្មលើកនេះលោកនឹងតាមដានពីដំណើរការបង្កើតស្ថាប័នសិទ្ធិ មនុស្សឯករាជ្យរបស់រដ្ឋាភិបាលកម្ពុជា។ លោកបន្ថែមទៀតថា លោកក៏នឹងប្រើប្រាស់បេសកកម្មនេះ ដើម្បីស្ទង់មើលពីដំណើរអនុវត្តអនុសាសន៍របស់លោក ដែលបានដាក់ចេញកាលពីដើមឆ្នាំ២០១៤ ស្ដីពីកំណែទម្រង់ប្រព័ន្ធយុត្តិធម៌សភា ការបោះឆ្នោត និងបញ្ហាដីធ្លី។
ក្នុងរយៈពេល ១០ថ្ងៃនេះ លោក សុរិយា ស៊ូប៊ែឌី គ្រោងនឹងជួបនឹងមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល តំណាងមន្ត្រីអង្គការសង្គមស៊ីវិល សហគមន៍ពាណិជ្ជករ មន្ត្រីអង្គការសហប្រជាជាតិ និងតំណាងប្រទេសម្ចាស់ជំនួយ។ លោកក៏នឹងធ្វើដំណើរទៅទីរួមខេត្តមួយចំនួន ដើម្បីប្រមូលព័ត៌មានដោយផ្ទាល់ ស្ដីពីបញ្ហាសិទ្ធិមនុស្ស។ អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ផ្នែកសិទ្ធិមនុស្សរូបនេះ នឹងធ្វើសន្និសីទសារព័ត៌មាននៅថ្ងៃអង្គារ ទី២៤ មិថុនា នៅវេលាម៉ោង ៣ នៅការិយាល័យសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ប្រចាំនៅកម្ពុជា ដើម្បីបូកសរុបលទ្ធផលនៃបេសកកម្មរបស់លោក។
លោកគ្រោងនឹងយករបាយការណ៍នេះ ទៅដាក់ជូនកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្ស នៅខែកញ្ញា ឆ្នាំ២០១៤ ខាងមុខ៕