ក្រុមបណ្ឌិតបញ្ញវន្តខ្មែរ បង្ហាញកង្វល់ក្រោយកិច្ចចរចានយោបាយបរាជ័យជាថ្មី

ក្រុមនិស្សិត បញ្ញាវន្ត និងអ្នកសិក្សាជាង៣០០នាក់ បានជួបពិភាក្សាគ្នានៅឯសាកលវិទ្យាល័យខេមរៈ នាព្រឹកថ្ងៃសុក្រនេះ ក្រោមប្រធានបទស្តីពី របត់នយោបាយថ្មីនៅក្នុងប្រទេសកម្ពុជា និង ការសម្បទាននយោបាយរបស់គណបក្សប្រជាជនកម្ពុជា។ កិច្ចពិភាក្សា បានបង្ហាញពីចំណុចប្រឈមនានា ដែលកើតចេញពីវិបត្តិនយោបាយ និងយន្តការនៃការព្រមព្រៀងគ្នារវាងគណបក្សនយោបាយ ទាំងពីរ។
មួយថ្ងៃក្រោយបរាជ័យនៃកិច្ចចរចារវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ដែលមិនអាចឈានទៅរកកិច្ចព្រមព្រៀងបានកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ បានញាំងឲ្យក្រុមនិស្សិតបញ្ញាវន្ត និងអ្នកសិក្សាជាយុវជន និងព្រះសង្ឃ ជាង៣០០នាក់ បានជួបពិភាក្សាគ្នា នៅឯសាកលវិទ្យាល័យខេមរៈ នាព្រឹកថ្ងៃសុក្រនេះ។ កិច្ចពិភាក្សាបានផ្តោតសំខាន់ទៅលើប្រធានបទនានា ទាក់ទងនឹងរបត់នយោបាយថ្មីនៅក្នុងប្រទេសកម្ពុជា យន្តការនៃ ការព្រមព្រៀងគ្នា ចំណុចវិជ្ជមាននិងអវិជ្ជមាននៃការមិនបោះឆ្នោតមុនអាណត្តិ និងផលប៉ះពាល់ដែលកើតចេញពីវិបត្តិនយោបាយជាដើម។
ប៉ុន្តែក្រោយពីកិច្ចពិភាក្សាបានបញ្ចប់ វេទិកាពិភាក្សានេះ បានបង្ហាញអនុសាសន៍ចំនួន៥សំរាប់ការពិចារណារបស់អ្នកនយោបាយគណបក្ស ទាំងពីរ នោះគឺ គណបក្សទាំងពីរគួរសម្បទានឲ្យគ្នាទៅវិញទៅមកបន្ថែមទៀត
គណបក្សទាំងពីរត្រូវបង្ហាញពីផលចំណេញដែលបានមកពីកិច្ចព្រមព្រៀង ការចរចាររបស់គណបក្សទាំងពីរគួរភ្ជាប់ជាមួយបញ្ហាសង្គម ដូចជាបញ្ហាដីធ្លី និងអំពើពុករលួយ គណបក្សទាំងពីរគួរទទួលយកអ្វីជាការគិតរបស់មហាជន និងក្រុមបញ្ញវ័ន នៅពេលដែលប្រទេសមានវិបត្តិ។
សូមបញ្ជាក់ថា តាមគម្រោងកិច្ចពិភាក្សានេះ មានការចូលរួមពី លោក ឈាង វុន តំណាងរាស្ត្រមកពីគណបក្សប្រជាជនកម្ពុជាផងដែរ ក៏ប៉ុន្តែ គេឃើញតែវត្តមានរបស់លោក យ៉ែម ប៉ុញ្ញាឬទ្ធិ តំណាងគណបក្សសង្គ្រោះជាតិ និងអ្នកវិភាគសង្គមនានា ដូចជាលោក កែម ឡី និងលោក សុខ ទូច ប៉ុណ្ណោះ។ ចំណែកឯលោក ឡៅ ម៉ុងហៃ និងលោក សុខ សំអឿន ប្រធានក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា ក៏មិនឃើញមានវត្តមាននៅក្នុងវេទិកានេះដែរ។
គួររំលឹកដែរថា ក្រុមចរចារនៃគណបក្សគណបក្សប្រជាជនកម្ពុជានិងគណបក្សសង្គ្រោះជាតិ បានជួបបរាជ័យជាថ្មីម្តងទៀត នៅក្នុងកិច្ចប្រជុំកាលពីថ្ងៃទី១២មិថុនា ដោយសារថា គណបក្សសង្គ្រោះជាតិ ចង់ឱ្យមានការជ្រើសរើសសមាសភាពដឹកនាំ គ.ជ.ប ដោយសំឡេង២ភាគ៣ ប៉ុន្តែគណបក្សប្រជាជនអះអាងថា ការជ្រើសរើសក្បាលម៉ាស៊ីនត្រូវតែប្រើប្រាស់សំឡេង៥០ភាគរយបូក១៕