ជប៉ុន​ស្នើ​ឲ្យ​កម្ពុជា​កែទម្រង់​បោះ​ឆ្នោត​និង​ដោះស្រាយ​បញ្ហា​នយោបាយ

រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ជប៉ុន លោក ហ្វូមីអូ គីស៊ីដា (Fumio KishiDa) ថ្លែង​ក្នុង​សន្និសីទ​កាសែត​ក្រោយ​ជំនួប​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា លោក ហោ ណាំហុង នៅ​ព្រឹក​ថ្ងៃ​ទី​៣០ មិថុនា ២០១៤ នា​រាជធានី​ភ្នំពេញ។
រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ជប៉ុន លោក ហ្វូមីអូ គីស៊ីដា (Fumio KishiDa) ថ្លែង​ក្នុង​សន្និសីទ​កាសែត​ក្រោយ​ជំនួប​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា លោក ហោ ណាំហុង នៅ​ព្រឹក​ថ្ងៃ​ទី​៣០ មិថុនា ២០១៤ នា​រាជធានី​ភ្នំពេញ។

ប្រមុខ​ការទូត​ជប៉ុន ស្នើ​ឲ្យ​កម្ពុជា កែទម្រង់​ការ​បោះ​ឆ្នោត និង​ដោះស្រាយ​បញ្ហា​ទំនាស់​នយោបាយ​ដើម្បី​ឲ្យ​គ្រប់​ភាគី​អាច​ទទួល​យក​បាន។ ជំហរ​នេះ​ត្រូវ​បាន​អះអាង​ដោយ​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ជប៉ុន លោក ហ្វូមីអូ គីស៊ីដា (Fumio KishiDa) ក្នុង​ជំនួប​ពិភាក្សា​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា លោក ហោ ណាំហុង នៅ​ព្រឹក​ថ្ងៃ​ទី​៣០ ខែ​មិថុនា។

ក្នុង​សេចក្ដី​ថ្លែងការណ៍​នៅ​ទីស្ដីការ​ក្រសួង​ការបរទេស​កម្ពុជា រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ជប៉ុន ចាត់​ទុក​ទំនាស់​នយោបាយ​បន្ទាប់​ពី​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​ថា ជា​ស្នាម​ប្រេះឆា​នៃ​សង្គម​កម្ពុជា។ មន្ត្រី​ការទូត​រូប​នេះ​យល់​ថា អ្នក​នយោបាយ​ខ្មែរ​ត្រូវ​តែ​ដោះស្រាយ​បញ្ហា​ប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូវ។

រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ជប៉ុន លោក ហ្វូមីអូ គីស៊ីដា ថ្លែង​ថា ជប៉ុន​នឹង​បន្ត​ជួយ​កម្ពុជា ក្នុង​ដំណើរ​ការ​កែទម្រង់​ការ​បោះឆ្នោត​តាម​លទ្ធផល​ដែល​ក្រុម​ការងារ​កំណែ​ ទម្រង់​ការ​បោះ​ឆ្នោត​របស់​ជប៉ុន មក​ទស្សនកិច្ច​ស្វែង​យល់​កាល​ពី​ខែ​ឧសភា កន្លង​ទៅ។

លោក​បន្ត​ថា ជប៉ុន​សង្ឃឹម​ថា កម្ពុជា​នឹង​បន្ត​ដំណើរ​ទៅ​មុខ​ទៀត​ជា​លំដាប់​តាម​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ៖ «ខ្ញុំ ​សង្ឃឹម​យ៉ាង​មុតមាំ​ថា កម្ពុជា​នឹង​មាន​ទិស​ដៅ​ច្បាស់លាស់ ធ្វើការ​កែ​ទម្រង់​មួយ​ដែល​ទាំង​គណបក្ស​កាន់​អំណាច​និង​បក្ស​ប្រឆាំង​អាច​ ទទួល​យក​បាន»

​ក្រៅពី​ជជែក​ពី​រឿង​នយោបាយ​ក្នុង​ប្រទេស​កម្ពុជា ភាគី​ទាំង​ពីរ​ក៏​បាន​លើក​ឡើង​ពី​ទំនាក់ទំនង​ទ្វេ​ភាគី ផលប្រយោជន៍​សេដ្ឋកិច្ច និង​នយោបាយ​ក្នុង​តំបន់។ ជប៉ុន​បាន​សម្រេច​ផ្ដល់​ជំនួយ​ដល់​កម្ពុជា ចំនួន​ជាង ១៣០​លាន​ដុល្លារ សម្រាប់​គម្រោង​ស្តារ​ហេដ្ឋារចនាសម្ព័ន្ធ និង​គម្រោង​មួយ​ចំនួន​ទៀត។ រដ្ឋាភិបាល​ទាំង​ពីរ​ក៏​បាន​ព្រមព្រៀង​គ្នា​រៀបចំ​ការ​ហោះហើរ​ត្រង់​ពី​ ជប៉ុន មក​កាន់​កម្ពុជា ទៀត​ផង។

ចំណែក​ឯ​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា លោក ហោ ណាំហុង មិន​បាន​ប្រាប់​អ្នក​កាសែត​ថា ខ្លួន​មាន​ជំហរ​បែប​ណា​នោះ​ទេ​ចំពោះ​រឿងរ៉ាវ​ដែល​ជប៉ុន​លើក​ឡើង​ជុំវិញ​ ដំណោះស្រាយ​នយោបាយ​ផ្ទៃ​ក្នុង​កម្ពុជា​នេះ។ លោក​ក៏​មិន​អនុញ្ញាត​ឲ្យ​អ្នក​កាសែត​សួរ​បន្ថែម​នូវ​គ្រប់​រឿងរ៉ាវ​ដែល​ភាគី ​ទាំង​ពីរ​ជួប​គ្នា​នោះ​ដែរ។ លោក ហោ ណាំហុង ហាក់​មាន​សុខភាព​មិន​ល្អ​ផង​នោះ បាន​រៀបរាប់​ច្រើន​ពី​គុណ​សម្បត្តិ​ជប៉ុន ដែល​ធ្លាប់​គាំទ្រ​និង​ផ្ដល់​ជំនួយ​ដល់​កម្ពុជា។

លោក​បញ្ជាក់​ថា ភាគី​កម្ពុជា គាំទ្រ​សកម្មភាព​ជប៉ុន ក្នុង​ការ​ដោះស្រាយ​បញ្ហា​ជម្លោះ​ក្នុង​តំបន់ ហើយ​លោក​ក៏​ឆ្លៀត​បន្ទោស​មិត្ត​យូរ​ឆ្នាំ​របស់​កម្ពុជា គឺ​កូរ៉េ​ខាងជើង ថា​រំលោភ​ម្ដង​ជា​ពីរ​ដង​លើ​សេចក្ដី​សម្រេច​របស់​ក្រុមប្រឹក្សា​សន្តិសុខ​ អង្គការ​សហប្រជាជាតិ៖ «យើង​មានការ​ឯកភាព​គ្នា​ថា មាន​ការ​ព្រួយ​បារម្ភ​នៅ​ពេល​ដែល​កូរ៉េ​ខាងជើង​នៅ​បន្ត​បាញ់​កាំជ្រួច​រំលោភ ​លើ​សេចក្ដី​ព្រមព្រៀង​របស់​ក្រុមប្រឹក្សា​សន្តិសុខ​របស់​អង្គការ​ សហប្រជាជាតិ»

​នៅ​ពេល​បញ្ចប់​សេចក្ដី​ថ្លែងការណ៍ ភាគី​ជប៉ុន​បាន​អនុញ្ញាត​ឲ្យ​អ្នក​កាសែត​ជប៉ុន ជា​ច្រើន​នាក់​សម្ភាស​ក្នុង​បន្ទប់​មួយ​ដាច់​ដោយ​ឡែក​ក្នុង​ក្រសួង​ការបរទេស ​កម្ពុជា។ ស្រប​គ្នា​នោះ ភាគី​ក្រសួង​ការបរទេស​កម្ពុជា មិន​អនុញ្ញាត​ឲ្យ​អ្នក​សែត​សួរ​ឡើយ​សូម្បី​តែ​មួយ​សំណួរ។

ទាក់ទង​នឹង​ទំនាស់​នយោបាយ​ផ្ទៃ​ក្នុង​កម្ពុជា​វិញ ទាំង​គណបក្ស​កាន់​អំណាច​និង​បក្ស​ប្រឆាំង សុទ្ធតែ​ធ្លាប់​បញ្ជាក់​ប្រាប់​ភាគី​កំណែ​ទម្រង់ការ​បោះ​ឆ្នោត​មក​ពី​ជប៉ុន​ ថា ខ្លួន​មាន​បំណង​ដោះស្រាយ​បញ្ហា​ដោយ​សន្តិវិធី។ បក្ស​កាន់​អំណាច​ចង់​ឲ្យ​ស្ថាប័ន​រៀបចំ​ការ​បោះ​ឆ្នោត​ត្រូវ​ជ្រើស​តាំង​ដោយ ​សមាជិក​សភា​ភាគ​ច្រើន​ដាច់​ខាត ចំណែក​បក្ស​ប្រឆាំង​ចង់​ដាក់​ស្ថាប័ន គ.ជ.ប ជា​ស្ថាប័ន​ធម្មនុញ្ញ និង​ត្រូវ​ទាមទារ​ការ​គាំទ្រ​ពី​សមាជិក​សភា​ចំនួន ២ ភាគ ៣ នៃ​សមាជិក​សរុប។ មក​ទល់​ពេល​នេះ ពន្លឺ​នៃ​ដំណោះស្រាយ​នយោបាយ​នៅ​កម្ពុជា នៅ​មិន​ទាន់​មាន​នៅ​ឡើយ។

ប្រទេស​ជប៉ុន ជា​ប្រទេស​ផ្ដល់​ជំនួយ​ឥត​សំណង​ច្រើន​ជាង​គេ​មក​ឲ្យ​កម្ពុជា។ សព្វថ្ងៃ​នេះ​ជប៉ុន​និង​កម្ពុជា ពង្រីក​ទំនាក់ទំនង​ការទូត ក្លាយ​ជា​ដៃគូ​យុទ្ធសាស្ត្រ​កាល​ពី​ចុង​ឆ្នាំ​២០១៣ ខណៈ​ដែល​គូ​សត្រូវ​របស់​ជប៉ុន គឺ​ប្រទេស​ចិន បាន​ក្លាយ​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​របស់​កម្ពុជា តាំង​ពី​ឆ្នាំ​២០១២៕