បក្ស​សង្គ្រោះ​ជាតិ​គ្រោង​ធ្វើ​សមាជ​ថ្នាក់​ដឹកនាំ​ទូទាំង​ប្រទេស​នៅ​ខែ​កក្កដា

លរដ្ឋ​ចូល​រួម​សមាជ​មហា​ជន​បក្ស​សង្គ្រោះ​ជាតិ នា​ទីលាន​ប្រជាធិបតេយ្យ នៅ​រសៀល​ថ្ងៃ​ទី​៦ តុលា ឆ្នាំ​២០១៣។
លរដ្ឋ​ចូល​រួម​សមាជ​មហា​ជន​បក្ស​សង្គ្រោះ​ជាតិ នា​ទីលាន​ប្រជាធិបតេយ្យ នៅ​រសៀល​ថ្ងៃ​ទី​៦ តុលា ឆ្នាំ​២០១៣។

គណបក្ស​សង្គ្រោះ​ជាតិ គ្រោង​ធ្វើ​សមាជ​ថ្នាក់​ដឹកនាំ​ទូទាំង​ប្រទេស​នៅ​ខែ​កក្កដា ខាង​មុខ។ សមាជ​ធំ​លើក​ដំបូង​របស់​បក្ស​នេះ គឺ​ធ្វើ​ឡើង​តាម​បទបញ្ជា​ផ្ទៃ​ក្នុង​របស់​គណបក្ស​ដែល​ចែង​ថា គណបក្ស​សង្គ្រោះ​ជាតិ នឹង​រៀបចំ​សមាជ​ផ្ទៃក្នុង​ជា​រៀងរាល់ ២​ឆ្នាំ​ម្ដង ដើម្បី​សម្រេច​ដោះស្រាយ​លើ​បញ្ហា​សំខាន់ៗ​មួយ​ចំនួន​ក្នុង​បក្ស និង​ស្វែង​រក​គន្លឹះ​សម្រាប់​ដោះស្រាយ​បញ្ហា​ជាតិ​ជាដើម។

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​ដឹង​ថា គណៈកម្មាធិការ​អចិន្ត្រៃយ៍​គណបក្ស​នឹង​កោះ​ប្រជុំ​បន្ទាប់​ពី​ប្រធាន​គណបក្ស លោក សម រង្ស៉ី ត្រឡប់​ពី​បរទេស​វិញ។ កិច្ច​ប្រជុំ​នោះ​នឹង​ពិភាក្សា​ពី​គម្រោង​ធ្វើ​សមាជ​ថ្នាក់​ដឹកនាំ​ទូទាំង​ ប្រទេស​នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ។

​មន្ត្រី​អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យ៉ែម បុញ្ញឫទ្ធិ នៅ​ថ្ងៃ​ទី​២៩ ខែ​មិថុនា មាន​ប្រសាសន៍​ថា សមាជ​ថ្នាក់ដឹកនាំ​គណបក្ស​នេះ ធ្វើ​ឡើង​ដើម្បី​ប្រមូល​មតិ​ថ្នាក់​ដឹកនាំ​បក្ស​តាំង​ពី​ថ្នាក់​កំពូល​រហូត​ ដល់​ថ្នាក់​មូលដ្ឋាន។ សមាជ​នេះ​នឹង​មាន​សមាជិក​បក្ស​ជា​អ្នក​ដឹក​នាំ​រាប់​ពាន់​នាក់​ចូល​រួម។ លោក​បន្ត​ថា គណបក្ស​មាន​ការ​ព្រួយបារម្ភ​ខ្លះៗ​ចំពោះ​ទីតាំង​សម្រាប់​រៀបចំ​ខណៈ​ដែល​ អាជ្ញាធរ​នៅតែ​បិទ​ទីលាន​ប្រជាធិបតេយ្យ​នៅ​ឡើយ៖ «តាម​គម្រោង​លោក​ ប្រធាន​នឹង​ត្រឡប់​មក​វិញ នៅ​ថ្ងៃ​ទី​៧ ខែ​កក្កដា ហើយ​ពេល​គាត់​ត្រឡប់​មក​វិញ គឺ​ពួក​យើង​ប្រជុំ​រឿង​ហ្នឹង​ដើម្បី​រៀបចំ​សមាជ​នេះ»

​ទាក់ទង​នឹង​បញ្ហា​នេះ មន្ត្រី​អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ឡុង ឌីម៉ង់ មាន​ប្រសាសន៍​ថា គណបក្ស​សង្គ្រោះ​ជាតិ មាន​សិទ្ធិ​ធ្វើ​សមាជ​ផ្ទៃ​ក្នុង​របស់​ខ្លួន ប៉ុន្តែ​​មិន​អាច​ស្នើ​សុំ​ទីលាន​ប្រជាធិបតេយ្យ​រៀបចំ​បាន​ទេ។ លោក​បញ្ជាក់​ថា ក្រសួង​មហាផ្ទៃ នៅ​តែ​ដាក់​ទីលាន​ប្រជាធិបតេយ្យ​ស្ថិត​ក្រោម​ការ​ស៊ើប​អង្កេត​នៅ​ឡើយ៖ «ការងារ ​រដ្ឋបាល​យើង​មិន​ទាន់​អាច​បើក​ឲ្យ​គាត់​ធ្វើ​បាន​ទេ គាត់​អាច​រក​កន្លែង​ឯកជន ឬ​ភោជនីយដ្ឋាន​ណា​មួយ​ដើម្បី​រៀបចំ​ទៅ​ព្រោះ​វា​សម​ផង»

គណបក្ស​សង្គ្រោះ​ជាតិ កើត​ចេញ​ពី​ការ​រួបរួម​គ្នា​រវាង​គណបក្ស សម រង្ស៉ី និង​គណបក្ស​សិទ្ធិ​មនុស្ស ហើយ​បក្ស​នេះ​រៀបចំ​សមាជ​ជា​លើក​ដំបូង​នៅ​ថ្ងៃ​ទី​៧ ខែ​មេសា ឆ្នាំ​២០១៣។ សមាជ​លើក​ដំបូង​បាន​សម្រេច​បោះឆ្នោត​ជ្រើស​តាំង​ប្រធាន អនុ​ប្រធាន​បក្ស និង​អ្នកដឹកនាំ​នាយកដ្ឋាន​ជំនាញ​ជា​ច្រើន​ទៀត។ គណបក្ស​នេះ​ធ្លាប់​ធ្វើ​សមាជ​ប្រជាជន​ជា​ច្រើន​ដង​ច្រើន​សា​មក​ហើយ ដើម្បី​ប្រមូល​មតិ​ពលរដ្ឋ​ឈាន​ទៅ​សម្រេច​ចិត្ត​ផ្នែក​នយោបាយ។ តាម​ស្មារតី​សមាជ​គណបក្ស​ប្រឆាំង​ពេល​កន្លង​ទៅ អ្នក​គាំទ្រ​បាន​សម្រេច​ឲ្យ​មេដឹកនាំ​បក្ស​នេះ​ទាមទារ​យុត្តិធម៌​នៅ​ពេល​ បោះឆ្នោត និង​មិន​ឲ្យ​ចូល​សភា បើ​សិន​ណា​ស្ថាប័ន​រៀបចំ​ការ​បោះ​ឆ្នោត​មិន​ឯករាជ្យ​នោះ៕