លោក សុន ឆ័យ ត្រៀម​តទល់​នៅ​តុលាការ​រឿង​អាជ្ញាធរ​អប្សរា​ដក​ហូត​ដី

ប្រធាន​ក្រុម​បច្ចេកទេស និង​ជា​បេក្ខជន​តំណាង​រាស្ត្រ​ជាប់​ឆ្នោត លោក សុន ឆ័យ ផ្ដល់​បទ​សម្ភាសន៍​ដល់​អ្នក​កាសែត​នា​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​ទី​២០ ខែ​ឧសភា ឆ្នាំ​២០១៤។
ប្រធាន​ក្រុម​បច្ចេកទេស និង​ជា​បេក្ខជន​តំណាង​រាស្ត្រ​ជាប់​ឆ្នោត លោក សុន ឆ័យ ផ្ដល់​បទ​សម្ភាសន៍​ដល់​អ្នក​កាសែត​នា​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​ទី​២០ ខែ​ឧសភា ឆ្នាំ​២០១៤។

បេក្ខជន​តំណាងរាស្ត្រ​ជាប់​ឆ្នោត​របស់​គណបក្ស​សង្គ្រោះ​ជាតិ ម្នាក់ គឺ​លោក សុន ឆ័យ បាន​ដាក់​ពាក្យ​បណ្ដឹង​រក្សា​ការពារ​ទៅ​តុលាការ​ខេត្ត​សៀមរាប សុំ​ឱ្យ​ក្រុមហ៊ុន សុខា អូតែល របស់​លោក​ឧកញ៉ា សុខ គង់ ឈប់​សាងសង់​សណ្ឋាគារ​នៅ​តំបន់​អង្គរ​ឃ្យុងយូ ប៉ះពាល់​លើ​ដី​កម្មសិទ្ធិ​ឯកជន។

បណ្ដឹង​រក្សា​ការពារ​នោះ ក៏​ទាមទារ​ឱ្យ​តុលាការ​ធ្វើការ​វិនិច្ឆ័យ​ជា​ថ្មី​លើ​ករណី​ទំនាស់​ដី​ទំហំ​ ជាង ៣​ហិកតារ​ដែល​រដ្ឋ​បាន​ដក​ហូត​យក​ពី​លោក សុន ឆ័យ កាល​ពី​ជាង ៣​ឆ្នាំ​មុន​ផង។

លោក សុន ឆ័យ បេក្ខជន​តំណាងរាស្ត្រ​ជាប់​ឆ្នោត​នៃ​គណបក្ស​សង្គ្រោះ​ជាតិ មណ្ឌល​ភ្នំពេញ ឱ្យ​ដឹង​ថា លោក​ត្រៀម​ខ្លួន​នឹង​ចូល​ទៅ​តុលាការ​ខេត្ត​សៀមរាប នៅ​ថ្ងៃ​ទី​១០ ខែ​កក្កដា ខាង​មុខ ដើម្បី​តទល់​ផ្លូវ​ច្បាប់​ជុំវិញ​រឿង​ដី​របស់​លោក​ដែល​អាជ្ញាធរ​អប្សរា​ដក​ ហូត​យក ក៏​ប៉ុន្តែ​បែរ​ជា​ប្រគល់​ទៅ​ឱ្យ​ក្រុមហ៊ុន សុខា អូតែល សាងសង់​សណ្ឋាគារ​ទៅ​វិញ។

​លោក សុន ឆ័យ មាន​ប្រសាសន៍​កាល​ពី​រសៀល​ថ្ងៃ​ច័ន្ទ ទី​៣០ ខែ​មិថុនា ថា តុលាការ​ខេត្ត​សៀមរាប បាន​ចេញ​ដីកា​កោះហៅ​រូប​លោក​ឱ្យ​ចូល​ខ្លួន​ទៅ​បំភ្លឺ​ជុំវិញ​បញ្ហា​ទំនាស់​ ដីធ្លី​នោះ នៅ​ថ្ងៃ​ទី​១០ ខែ​កក្កដា វេលា​ម៉ោង ៩​ព្រឹក។

លោក សុន ឆ័យ បញ្ជាក់​ថា ដី​របស់​លោក​ដែល​ស្ថិត​នៅ​តំបន់​ក្រុមហ៊ុន សុខា អូតែល របស់​លោក​ឧកញ៉ា សុខ គង់ កំពុង​សង់​សណ្ឋាគារ​នោះ គឺ​រដ្ឋ​បាន​ដក​ហូត​យក​កាល​ពី​ជាង ៣​ឆ្នាំ​មុន ក៏​ប៉ុន្តែ​នៅ​ពេល​ដែល​លោក​ដាក់​បណ្ដឹង​រក្សា​ការពារ​សើរើ​ឡើង​វិញ គឺ​ទើប​តែ​មាន​មនុស្ស​ដែល​អះអាង​ថា ជា​ក្រឡា​បញ្ជី​តុលាការ​បាន​ទូរស័ព្ទ​ហៅ​រូប​លោក​ឱ្យ​ទៅ​ទទួល​យក​លុយ​សំណង​ តិចតួច។

លោក សុន ឆ័យ បង្ហាញ​ជំហរ​ថា លោក​ត្រៀម​ខ្លួន​ជា​ស្រេច​ហើយ​ដើម្បី​តតាំង​រឿង​ក្ដី​ឡើង​វិញ បើ​ទោះ​បី​ជា​មិន​ទាន់​ដឹង​ពី​លទ្ធផល​យ៉ាង​ណា​ក៏ដោយ៖ «ខ្ញុំ​រំពឹង​មិន​ ដឹង​យ៉ាង​ម៉េច​ទេ ក៏ប៉ុន្តែ​ដី​ហ្នឹង​ជា​ដី​ដែល​រដ្ឋ​យក​ពី​ខ្ញុំ​ដោយ​ខុស​ច្បាប់​ទៅ​ទុក​ជា​ សម្បត្តិ​រដ្ឋ ហើយ​ដល់​ឥឡូវ ស្រាប់​តែ​យក​ទៅ​ឱ្យ​ក្រុមហ៊ុន​ឯកជន ធ្វើ​អូតែល វា​ខុស​ច្បាប់​ទាំង​អស់។ ដូច្នេះ​ខ្ញុំ​ចង់​ទៅ​មើល​ឯកសារ​ដែល​អប្សរា ឱ្យ​ទៅ សុខ គង់ ហ្នឹង​របៀប​យ៉ាង​ម៉េច? ហេតុ​អ្វី​បាន​ជា​​ខ្ញុំ​ម្ចាស់​ដី​អត់​មាន​សិទ្ធិ​ធ្វើ​អូតែល ទាល់តែ សុខ គង់ បាន​មាន​សិទ្ធិ?»

ទោះ​យ៉ាង​ណា​វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​តំណាង​ក្រុមហ៊ុន សុខា អូតែល និង​អគ្គនាយក​អាជ្ញាធរ​អប្សរា ដើម្បី​សុំ​ប្រតិកម្ម​ចំពោះ​បណ្ដឹង​រក្សា​ការពារ​របស់​លោក សុន ឆ័យ នេះ បាន​ថា​យ៉ាង​ណា​នៅ​ឡើយ​ទេ។

ចំណែក​ប្រធាន​សាលាដំបូង​ខេត្ត​សៀមរាប លោក ងួន ណារ៉ា ក៏​មិន​អធិប្បាយ​យ៉ាង​ណា​ដែរ ដោយ​លោក​គ្រាន់តែ​បញ្ជាក់​ថា លោក​បាន​បញ្ជូន​រឿង​នេះ​ទៅ​ឱ្យ​ចៅក្រម​ពិនិត្យ​ហើយ៖ «ខ្ញុំ​ក្នុង​ន័យ​ រដ្ឋបាល គឺ​ទទួល​រឿង​ហើយ​បញ្ជូន​ទៅ​ចៅក្រម គាត់​អ្នក​ពិនិត្យ។ ការងារ​ហ្នឹង​គាត់​បាន​ដឹង ប៉ុន្តែ​ធម្មតា គេ​ធ្វើ​ដំណើរការ​តាម​នីតិវិធី​ហើយ»

បណ្ដឹង​រក្សា​ការពារ​របស់​លោក សុន ឆ័យ ដែល​ដាក់​ជូន​តុលាការ​ខេត្ត​សៀមរាប ចុះ​ថ្ងៃ​ទី​២៣ ខែ​មិថុនា បាន​ចាត់​ទុក​អាជ្ញាធរ​អប្សរា​ដែល​ដក​ហូត​យក​ដី​របស់​លោក ក៏ប៉ុន្តែ​បែរ​ជា​ឱ្យ​ក្រុមហ៊ុន​សុខា អូតែល យក​ទៅ​សាងសង់​សណ្ឋាគារ​ទៅ​វិញ​នោះ គឺ​ជា​អំពើ​ខុស​ច្បាប់។ បណ្ដឹង​នោះ​សង្កត់​ធ្ងន់​ថា មាត្រា​៥ នៃ​ច្បាប់​ភូមិបាល ឆ្នាំ​២០០១ បាន​ចែង​ថា៖ គ្មាន​បុគ្គល​ណា​មួយ​ត្រូវ​បាន​ដក​ហូត​កម្មសិទ្ធិ​របស់​ខ្លួន​បាន​ទេ ប្រសិនបើ​ការ​ដក​ហូត​នេះ​មិន​មែន​ដើម្បី​ប្រយោជន៍​សាធារណៈ។  ការ​ដក​ហូត​ត្រូវ​ធ្វើ​ទៅ​តាម​ទម្រង់​និង​នីតិវិធី​បញ្ញត្តិ​ដោយ​ច្បាប់ និង​បទបញ្ជា បន្ទាប់ពី​បាន​ផ្តល់​សំណង​សមរម្យ និង​យុត្តិធម៌​ជា​មុន៕