លោក សម រង្ស៊ី ស្នើ​ឲ្យ​បក្ស​ប្រជាជន​ឈប់​ប្រើ​តុលាការ​ចាប់​សមាជិក​បក្ស​ប្រឆាំង​ដាក់​គុក

ជាង​រៀប​ចំ​ដោះ​ព្រះ​ឆាយាល័ក្ខណ៍​​អតីត​ព្រះមហាក្សត្រ​ចេញ​​ពី​ក្លោង​ទ្វារ​សាលាដំបូង​រាជ​ធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​១៩ ឧសភា ឆ្នាំ​២០១៤។
ជាង​រៀប​ចំ​ដោះ​ព្រះ​ឆាយាល័ក្ខណ៍​​អតីត​ព្រះមហាក្សត្រ​ចេញ​​ពី​ក្លោង​ទ្វារ​សាលាដំបូង​រាជ​ធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​១៩ ឧសភា ឆ្នាំ​២០១៤។

មេ​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី អំពាវនាវ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា បញ្ឈប់​ប្រើប្រាស់​តុលាការ ចាប់​ចង​សមាជិក​របស់​ខ្លួន ដោយ​ស្នើ​ឲ្យ​គោរព​ស្មារតី​នៃ​ការ​ចរចា​បញ្ចប់​វិបត្តិ​នយោបាយ កាល​ពី​ថ្ងៃ​ទី​២២ កក្កដា ដែល​មេ​ដឹក​នាំ​គណបក្ស​ប្រជាជន​កម្ពុជា សន្យា​ថា​នឹង​បញ្ចប់​សំណុំ​រឿង​តុលាការ ពាក់ព័ន្ធ​នឹង​សមាជិក​របស់​ខ្លួន ដែល​ជាប់​ឃុំ និង​នៅ​ក្រៅ​ឃុំ​នោះ។

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ព្រមាន​ថា បើ​សិន​ជា​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ នៅ​តែ​បន្ត​ជាប់​គុក និង​ទទួល​រង​ការ​ចេញ​ដីកា​ចាប់​ខ្លួន​ពី​តុលាការ​ទៀត គឺ​វិបត្តិ​នយោបាយ​មិន​ទាន់​បញ្ចប់​ទេ។

លោក សម រង្ស៊ី ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​ថា នៅ​ពេល​ចុះ​ជួប​អ្នក​រងគ្រោះ​ដីធ្លី​ឡពាង នៅ​សហគមន៍​បឹងកក់ នៅ​ថ្ងៃ​ទី​១៤ សីហា ថា លោក​បាន​និយាយ​ជាមួយ លោក ហ៊ុន សែន រួច​ហើយ​ថា សុំ​បញ្ឈប់​ការ​ប្រើប្រាស់​ចាប់​ខ្លួន​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ ទៀត នៅ​ពេល​វិបត្តិ​នយោបាយ​បាន​បញ្ចប់​ហើយ​នោះ។ យ៉ាង​នេះ​ក្ដី លោក សម រង្ស៊ី អះអាង​ថា លោក​នឹង​ព្យាយាម​ដោះស្រាយ​ដើម្បី​បញ្ចប់​ការ​ចាប់​ចង​សមាជិក​របស់​លោក​ពី​ តុលាការ​នេះ៖ «ខ្ញុំ​បាន​បញ្ជាក់​ហើយ​នៅ​រដ្ឋសភា លោក ហ៊ុន សែន បាន​ស្នើ​ឲ្យ​គេ​កត់ត្រា​ខ្ញុំ​ថែម​ទៀត ខ្ញុំ​ថា​វិបត្តិ​នយោបាយ​ចប់​ហើយ ដូច្នេះ​រឿង​ដែល​ពាក់ព័ន្ធ​នឹង​វិបត្តិ​នយោបាយ យើង​ត្រូវ​តែ​បញ្ចប់ តែ​បើ​គេ​នៅ​តែ​មាន​អ្នក​ជាប់​គុក មាន​អ្នក​តាម​ដាន​រក​រឿង វិបត្តិ​នយោបាយ​មិន​ទាន់​ចប់​ទេ។ ខ្ញុំ​នឹង​ព្យាយាម និង​ដោះស្រាយ​បញ្ចប់ អា​កក​សំណល់​នយោបាយ​ត្រូវ​តែ​ចប់»

កាល​ពី​ថ្ងៃ​ទី​១២ សីហា ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក កែវ មុនី ចេញ​ដីកា​បង្គាប់​ឲ្យ​ប្រធាន​នាយកដ្ឋាន​ព័ត៌មាន និង​ប្រព័ន្ធ​ផ្សព្វផ្សាយ នៃ​គណបក្ស​សង្គ្រោះ​ជាតិ លោក មាជ សុវណ្ណារ៉ា និង​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ ២​នាក់​ទៀត គឺ​លោក សាន សីហៈ និង​លោក ទេព ណារិន ឲ្យ​បង្ហាញ​ខ្លួន​ក្នុង​នីតិវិធី​ស្ដីពី​ការ​បង្ហាញ​ខ្លួន​លើក​ដំបូង ពាក់ព័ន្ធ​បទ​ចោទ ដឹក​នាំ​កុបកម្ម បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ និង​ផ្ដើម​គំនិត​ក្នុង​អំពើ​ហិង្សា​ដោយ​ចេតនា មាន​ស្ថាន​ទម្ងន់​ទោស ដែល​ប្រព្រឹត្ត​ទៅ​កាល​ពី​ថ្ងៃ​ទី​១៥ កក្កដា នៅ​ក្បែរ​ទីលាន​ប្រជាធិបតេយ្យ។

ការ​ចេញ​ដីកា​កោះ​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ ៣​នាក់​ថែម​ទៀត​នេះ នៅ​ក្រោយ​ពេល​តុលាការ​ចាប់​ខ្លួន​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ ៣​នាក់ កាល​ពី​ថ្ងៃ​ទី​២ សីហា យក​ទៅ​ឃុំ​នៅ​ពន្ធនាគារ​ព្រៃស នៅ​ឡើយ។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​តំណាង​គណបក្ស​ប្រជាជន​កម្ពុជា លោក ព្រុំ សុខា និង​ជា​រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ ដើម្បី​សួរ​អំពី​បញ្ហា​នេះ​បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី​១៤ សីហា។ ប៉ុន្តែ លោក ព្រុំ សុខា បាន​ប្រកាស​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន ក្រោយ​ពី​កិច្ច​ចរចា​កាល​ពី​ថ្ងៃ​ទី​២២ សីហា ថា គណបក្ស​ទាំង​ពីរ​បាន​ស្នើ​ឲ្យ​តុលាការ​បញ្ចប់​សំណុំ​រឿង​សមាជិក​គណបក្ស​ សង្គ្រោះ​ជាតិ ទាក់ទង​ការ​ធ្វើ​បាតុកម្ម​នៅ​ទីលាន​ប្រជាធិបតេយ្យ កាល​ពី​ថ្ងៃ​ទី​១៥ កក្កដា នោះ។

អ្នក​ជំនាញ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ លោក​បណ្ឌិត សុខ ទូច មាន​ប្រសាសន៍​ថា វិបត្តិ​នយោបាយ​គណបក្ស​ទាំង​ពីរ​នៅ​មិន​ទាន់​បញ្ចប់​ទាំង​ស្រុង​នៅ​ឡើយ។ លោក​បញ្ជាក់​ថា ការ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​នេះ គឺ​រដ្ឋាភិបាល​ចង់​បង្ហាញ​ដល់​សហគមន៍​អន្តរជាតិ​ថា កម្ពុជា ជា​ប្រទេស​នីតិរដ្ឋ៖ «ទោះ​បី​ជា​គណបក្ស​សង្គ្រោះ​ជាតិ លោក​ចូល​ទៅ​សភា​ក៏​ពិត​មែន ក៏ប៉ុន្តែ​យើង​ឃើញ​អ្នក​តវ៉ា​អ្នក​ឡពាង អ្នក​តវ៉ា​រឿង​ដី​កម្ពុជា​ក្រោម អ៊ីចឹង​ដើម្បី​ទប់​សភាពការណ៍​បែប​ហ្នឹង​មក​នឹងនរ​វិញ តុលាការ​ត្រូវ​តែ​ប្រព័ន្ធ​ហ្នឹង អ៊ីចឹង​ក្រុម​សង្គ្រោះ​ជាតិ​ត្រូវ​តែ​ប្រើ​ប្រជាពលរដ្ឋ​ដើម្បី​ដោះ ព្រោះ​កន្លង​មក​ការ​ដោះ​មនុស្ស​មិន​ដែល​ដោះ​ដោយ​តុលាការ​ទេ គឺ​ដោះ​ដោយ​កម្លាំង»

គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ ក្រោយ​ពី​បាន​បញ្ចប់​វិបត្តិ​នយោបាយ​កាល​ពី​ថ្ងៃ​ទី​២២ កក្កដា នោះ បាន​រៀបចំ​កែ​បទបញ្ជា​ផ្ទៃ​ក្នុង​រដ្ឋសភា និង​សភា បាន​អនុម័ត​បញ្ជូន​ទៅ​ក្រុមប្រឹក្សា​ធម្មនុញ្ញ នៅ​ថ្ងៃ​ទី​១៤ សីហា នេះ ក្រុមប្រឹក្សា​ធម្មនុញ្ញ​បាន​ឯកភាព​ទៅ​លើ​ការ​កែ​បទបញ្ជា​ផ្ទៃ​ក្នុង​ រដ្ឋសភា​ត្រង់​មាត្រា​៦​ថ្មី​ពីរ ដើម្បី​រៀបចំ​បំបែក​គណៈកម្មការ​ក្រសួង​មហាផ្ទៃ ឲ្យ​ទៅ​ជា​គណៈកម្មការ​ទី​១០ ជា​គណៈកម្មការ​បោះ​សម្អាត និង​ប្រឆាំង​អំពើ​ពុក​រលួយ។

អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យ៉ែម បុញ្ញឫទ្ធិ ថ្លែង​ថា ការ​កែ​បទបញ្ជា​ផ្ទៃ​ក្នុង​នេះ ជា​ដំណាក់​ទី​១ ដែល​ជា​ការ​ប្រញាប់ ហើយ​សភា​នឹង​ពិនិត្យ​បទបញ្ជា​ផ្ទៃ​ក្នុង​នេះ​បន្ត​ទៀត​នៅ​ពេល​ខាង​មុខ។

ចំពោះ​ក្រុម​ការងារ​គណបក្ស​ទាំង​ពីរ ដែល​រៀបចំ​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ការ​ប្រព្រឹត្ត​ទៅ​នៃ​ការ​បង្កើត​ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត និង​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​បោះ​ឆ្នោត​ថ្មី​នោះ អ្នក​ជំនាញ​ច្បាប់​កំពុង​តែ​រៀបចំ​ច្បាប់​ទាំង​ពីរ​នេះ ហើយ​នឹង​យក​មក​ពិភាក្សា​គ្នា​នៅ​ថ្ងៃ​ច័ន្ទ ទី​១៨ សីហា ដើម​សប្ដាហ៍​ក្រោយ៕